កូនព្រាប សុវត្ថិ ឡើងកូដខ្លាំង ខណៈម្ចាស់ពានកម្មវិធីលំដាប់ពិភពលោកធ្លាក់ខ្លួនច្រៀងតាមអកដង់ រោងការ

កូនព្រាប សុវត្ថិ ឡើងកូដខ្លាំង ខណៈម្ចាស់ពានកម្មវិធីលំដាប់ពិភពលោកធ្លាក់ខ្លួនច្រៀងតាមអកដង់ រោងការ

សុវត្ថិ មុនីវណ្ណ , សុវត្ថិ មុនីនាគ និងសុវត្ថិ សិរីវុឌ្ឍ ដែលជាកូនលោកព្រាប សុវត្ថិ នោះ បានក្លាយទៅជាតារាចម្រៀងថ្មីរបស់ផលិតកម្មរស្មីហង្សមាសជាផ្លូវការហើយ បន្ទាប់ពីហង្សមាស បានធ្វើជាសន្នីសីទកាសែតកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ នៅសណ្ឋាគាសូហ្វីតែល ភោគីត្រា ភ្នំពេញ។

លោកព្រាប សុវត្ថិ និងកូនប្រុសទាំង៣ បទចម្រៀងបើកឆាករបស់កូនព្រាប សុវត្ថិ ទាំង៣នាក់ ត្រូវបានផលិតកម្មធំមួយនេះបង្ហោះជាផ្លូវការផងដែរ កាលពីរាត្រីថ្ងៃទី០៨ ខែមករា នោះ គឺបទ ”កែវភ្នែក” ដែលមុនីវណ្ណ , មុនីនាគ និងសិរីវុឌ្ឍ បានច្រៀងរួមគ្នា ដោយមានការសម្រិតសម្រាំងជាពិសេស

តាមរយៈការថត MV ដែលបង្ហាញពីតំបន់ទេសចរណ៍សំខាន់ក្នុងស្រុកនោះ ខណៈដែលអ្នកជំនាញសិល្បៈបានលើកឡើងថា គេនៅមិនទាន់អាចវាយតម្លៃលើសមត្ថភាពកូនប្រុសទាំង៣ របស់ព្រាប សុវត្ថិ បានឡើយ ព្រោះថាបទទី១នោះ គឺជាការច្រៀងរួមគ្នា ហើយមិនទាន់មានការប្រើតុងខ្លាំងនៅឡើយ តែមើលទៅ កូនព្រាប សុវត្ថិ ហាក់ដូចជានៅខ្ចីបន្តិច សំឡេងមិនទាន់ធ្ងន់ទេ ព្រោះថាពួកគេសុទ្ធតែនៅវ័យក្មេង និងមានពេលវេលាច្រើនទៀតដែលអាចធ្វើបានល្អជាងនេះមិនខាន។

ទោះជាយ៉ាងណាក៏ដោយ ការបង្ហាញខ្លួនរបស់កូនប្រុសព្រាប សុវត្ថិ ទាំង៣ ដោយឈានចូលហង្សមាស ជោគជ័យដូចបំណងនៅពេលនេះ គឺស្របពេលដែលអតីតម្ចាស់ពានរង្វាន់ “The Voice Cambodia” រដូវកាលទី១ កាលពីឆ្នាំ២០១៥ លោកប៊ុត សីហា ហាក់ធ្លាក់ខ្លួនដុនដាបខ្លាំង ដោយបាត់មុខពីឆាកតន្ដ្រីធំៗសឹងតែទាំងអស់របស់ហង្សមាសហើយថ្មីៗនេះបែរជាលេចមុខសីហា

ទៅច្រៀងអកកេសតាមមង្គលការតូចៗ ដែលបានតម្លៃខ្លួនត្រឹមតែ១០០ដុល្លារ ក្នុង១កម្មវិធីទៅវិញ។ ប៊ុត សីហា ម្ចាស់ពាន The Voice Cambodia តារាចម្រៀងនៅផលិតកម្មរស្មីហង្សមាស បានឲ្យដឹងថា “ឆ្នាំថ្មី២០១៨នេះ ជាឆ្នាំរាសីឡើងរបស់កូនព្រាប សុវត្ថិ ទាំង៣ តែក៏ជាឆ្នាំយីអ៊ុនដាក់អារ័កជាន់របស់ប៊ុត សីហា ដែរ ព្រោះពេលនេះរូបគេមិនស្ថិតក្នុងគម្រោងឡង់សេឲ្យខ្លាំងរបស់ហង្សមាស ទៀតឡើយ។

ប្រភពបានឲ្យដឹងថា ការដែលប៊ុត សីហា ជាម្ចាស់ពានម្នាក់ដែលគេចាត់ទុកថា មានសំឡេងខ្លាំងជាងគេក្នុងចំណោមអ្នកជាប់ពានទាំងអស់នៅហង្សមាស តែបែរជាត្រូវធ្លាក់ខ្លួននៅពេលនេះ គឺមិនមែនជាកំហុសរបស់ហង្សមាស ឡើយ តែវាជាការបណ្ដោយរបស់សីហា ខ្លួនឯងផ្ទាល់ ដែលមិនគោរពពេលវេលាធ្វើការ និងមិនសូវមានការគោរពចំពោះរៀមច្បងជាដើម។

ប្រភពបានឲ្យដឹងថា កូនៗរបស់ព្រាប សុវត្ថិ ទាំង៣ នឹងអាចល្បីឈ្មោះបាននៅហង្សមាស នោះបើទោះជាពួកគេគ្មានពានក្ដី តែពួកគេមានសីលធម៌ល្អ ដោយដើរតាមគន្លងឪពុករបស់ពួកគេ ហេតុនេះហើយ ហង្សមាស នឹងជំរុញឲ្យតារាវ័យក្មេងទាំង៣របស់ខ្លួនល្បីឈ្មោះក្នុងពេលអនាគតជាមិនខាន។ ចំណែកប៊ុត សីហា ពេលនេះទោះជាធ្លាក់ខ្លួនច្រៀងតាមអកដង់ដូចកាលមិនទាន់មានពានក្ដី តែរូបគេនៅតែជាតាតារាចម្រៀងហង្សមាស ដែលនៅជាប់កុងត្រានៅឡើយ អីចឹងបើសីហា រៀបចំខ្លួនសារជាថ្មីនោះ គេជឿថា មិនទាន់ផុតពេលឡើយ៕

ប្រភព៖ nokorthomdaily

 

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *