ក្រទ្រព្យ ប៉ុន្តែមិនក្រចិត្ត! លោកតាម្នាក់សម្រេចចិត្តធ្វើរឿងស្មានមិនដល់មួយចំពោះក្មេង​​​ៗដែលឪពុកម្ដាយបោះបង់ចោល ធ្វើឲ្យអ្នកដែលបានដឹងរំជួលចិត្តយ៉ាងខ្លាំង

ដូចដែលយើងធ្លាប់បានដឹងមកហើយថា ដោយសារតែចំនួនប្រជាជនចិនបាននឹងកំពុងតែកើនឡើងយ៉ាងឆាប់រហ័សរួមជាមួយអត្រាគួរឲ្យព្រួយបារម្ភខ្លាំងនោះរដ្ឋាភិបាលបានសម្រេចឡើងនូវគោលនយោបាយកូនតែម្នាក់។ ​ផែនការគ្រួសារចាំបាច់ប្ដីប្រពន្ធកូនតែ ១ រួមផ្សំជាមួយប្រពៃណីផ្នត់គំនិពេញចិត្តជាមួយកូនប្រុសជាងបានធ្វើឲ្យក្មេងស្រីជាច្រើននៅក្នុងប្រទេសចិនត្រូវបានឪពុកម្ដាយបោះបង់ចោល។ ទោះជាយ៉ាងណា ឪពុកម្តាយមួយចំនួនបានប្រគល់កូនស្រីរបស់ពួកគេទៅមណ្ឌលកុមារកំព្រាមួយដោយសង្ឃឹមថានឹងមានមនុស្សចិត្តល្អយកទៅចិញ្ចឹម ប៉ុន្តែក្នុងករណីខ្លះទៀតក្មេងស្រីកំសត់ទើបនឹងកើតជាច្រើនត្រូវបានយកមកបោះចោលតាមផ្លូវក្នុងព្រៃ ក្នុងធុងសម្រាម ប្រអប់ដាក់ស្បែកជើងជាដើម ភាគច្រើននៃពួកគេបានស្លាប់ដោយសារភាពត្រជាក់និងអត់ឃ្លាន។អាចនិយាយបានថាវាជាសំណាងល្អមួយដែលយ៉ាងហោចណាស់នៅមានមនុស្សដ៏មានសណ្ដានចិត្តល្អមួយចំនួន មិនអោបដៃឈរមើលក្មេងៗដែលត្រូវគេបោះចោល


ស្លាប់ដោយមិនជួយអ្វីនោះទេ។ ជាក់ស្ដែងដូចលោកតាជនជាតិចិនម្នាក់ដែលបានលះបង់អ្វីគ្រប់យ៉ាងដែលគាត់មាន ដើម្បីទទួលយកក្មេងស្រីដែលគេបោះចោលតាមផ្លូវ
ឬកន្លែងផ្សេងមកចិញ្ចឹម។ គាត់មានឈ្មោះថា Yu Shangzhong វ័យ ៧៥ឆ្នាំ រស់នៅក្នុងទីក្រុង Wenzhou ខេត្ត Zhejiang ប្រទេសចិន ក្នុងកំឡុងពេល ៣៥ឆ្នាំមកទល់ពេលបច្ចុប្បន្ននេះ លោកតាបានរើសក្មេងស្រីមកចិញ្ចឹមមើលថែចំនួន ១២នាក់ហើយ។ លោកតា Yu និងប្រពន្ធបានទទួលចិញ្ចឹមក្មេងស្រីទើបនឹងកើតហើយត្រូវឪពុកម្ដាយបោះបង់ចោលដំបូងកាលពីគាត់មានវ័យ ៤០ឆ្នាំ។លោកតាបានឲ្យដឹងថាកាលពីពេលនោះ ខណៈដែលកំពុងដើរតាមផ្លូវគាត់បានឮសម្លេងក្មេងយំចេញពីក្នុងប្រអប់ដាក់ស្បែកជើងចាស់មួយ ហើយពេលគាត់ចូលទៅពិនិត្យមើលក៏បានក្មេងស្រីទើបនឹងកើតម្នាក់នៅក្នុងនោះ គាត់មិនដាច់ចិត្តទុកឲ្យក្មេងស្លាប់ឡើយ ហេតុនេះគាត់ក៏យកក្មេងគួរឲ្យអាណិតទៅផ្ទះ ដើម្បីចិញ្ចឹមជាមួយប្រពន្ធ។ សណ្ដានចិត្តដ៏ល្អរបស់ប្ដីប្រពន្ធទាំងពីរចំពោះក្មេងស្រីរូបនេះ ក៏មិនក្លាយជាពត៌មានល្បីអ្វីដែរ។ ប៉ុន្តែអ្វីដែលធ្វើឲ្យរឿងរ៉ាវលោកតាត្រូវបានគេដឹងឮ ហើយ


សរសើរជាខ្លាំងនោះ គឺលោកតានិងប្រពន្ធនៅតែបន្តទទួលក្មេងស្រីដែលត្រូវបានឪពុកម្ដាយបោះចោលតាមផ្លូវមកចិញ្ចឹម ដែលពេលនេះមានចំនួនដល់ទៅ ១២នាក់។មានពេលមួយនោះលោកតា Yu និងប្រពន្ធមានការសោកសៅពិបាកចិត្តជាខ្លាំង ព្រោះតែកូនស្រីម្នាក់ក្នុងចំណោម ១២ដែលគាត់យកមកចិញ្ចឹមបានបាត់បង់ជីវិត ដោយសារជម្ងឺ។ ពួកគាត់មានអារម្មណ៍ថាមានកំហុសជាប់ក្នុងចិត្ត ជាហេតុធ្វើឲ្យគាត់បានសម្រេចចិត្តបើកឱកាសឲ្យអ្នកដទៃដែលមានជីវភាពប្រសើរទទួលយកកូនៗរបស់ពួកគាត់មួយចំនួនទៅចិញ្ចឹមបន្ត ដូច្នេះក្មេងៗនឹងមានឱកាសទទួលបានភាពប្រសើរក្នុងជីវិតពួកគេ។បុរសវ័យចំណាស់រូបនេះបាននិយាយថា: «វាដូចជាការផ្តល់ជីវិតថ្មីដល់ពួកគេ ប្រសិនបើពួកគេបានទៅគ្រួសារដែលមានលក្ខខណ្ឌ ឬជីវភាពល្អប្រសើរជាងនេះ»។ ទោះជាយ៉ាងណាពួកគាត់បានទុកកូនស្រី ៥នាក់នៅជាមួយគាត់ដដែល។ សណ្ដានចិត្តរបស់លោកតានិងប្រពន្ធបានល្បីសុះសាយពេញប្រទេសចិន លោកតាត្រឹមតែជាកម្មករធម្មតាមួយរូបដែលចូលនិវត្តន៍ទៅហើយ ប៉ុន្តែការលះបង់របស់គាត់ក្នុងការទទួលចិញ្ចឹមក្មេងស្រីជាច្រើនដែលឪពុកម្ដាយមិនត្រូវការ ដោយពឹងផ្អែកលើប្រាក់ចំណូលតែបន្តិចបន្តួចនោះ បានធ្វើឲ្យមនុស្សជាច្រើនរំជួលចិត្តកោតសរសើរលោកតានិងប្រពន្ធជាខ្លាំង៕

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *