ខឹងបាត់លុយជាង១មុឺនរៀល កូនប្រុសកាប់ឪពុក រួចគំរាមសម្លាប់ប្អូនស្រី ពេលសមត្ថកិច្ចចុះអន្តរាគមន៍ ទាញចបដេញកាប់ទៀត

ខឹងបាត់លុយជាង១មុឺនរៀល កូនប្រុសកាប់ឪពុក រួចគំរាមសម្លាប់ប្អូនស្រី ពេលសមត្ថកិច្ចចុះអន្តរាគមន៍ ទាញចបដេញកាប់ទៀត

ភ្នំពេញ ៖ យុវជនឈាមរាវម្នាក់ ក្រោយពីផឹកស្រាស្រវឹងជោកជាំ ត្រឡប់មកដល់ផ្ទះវិញ ក៏ស្រែកឡូឡាថាបាត់កាបូបលុយ ដែលមានលុយជាង១ម៉ឺនរៀល និងស៊ីមទូរស័ព្ទក្នុងនោះ១ផង លុះឪពុកចូលទៅឃាត់ ស្រាប់តែកូនប្រុសចិត្តខ្មៅរូបនេះ បានខឹងច្រឡោតតោតតូង ស្ទុះទៅទាញកាំបិតផ្គាក់កាប់ប្រហារទៅលើឪពុកបង្កើតរបស់ខ្លួន បណ្តាលឱ្យរយះដៃរបួស៧ថ្នេរ លុះប្អូនស្រីបម្រុងនាំឪពុកទៅពេទ្យ ជនសង្ស័យថែមទាំងបានគំរាមសម្លាប់ទាំងប្អូនស្រីទៀត បន្ទាប់មកពេលសមត្ថកិច្ចចុះអន្តរាគមន៍ ជនកំណាចរូបនេះថែមទាំងស្ទុះចូលកាប់សមត្ថកិច្ចទៀត តែសំណាងល្អ សមត្ថកិច្ចគេចទាន់ពេល។

ករណីហិង្សាក្នុងគ្រួសារខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិអញ្ចាញ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។

ជនសង្ស័យជាកូនអកតញ្ញូដែលកាប់ប្រហារឪពុកបង្កើតបណ្តាលឱ្យរងរបួសធ្ងន់ មានឈ្មោះផុន រ៉ាស៊ី អាយុ២២ឆ្នាំ មុខរបររត់តុការ មានលំនៅក្នុងភូមិ-សង្កាត់កើតហេតុខាងលើ។ ចំណែកជនរងគ្រោះមានឈ្មោះផុន សុផល អាយុ៥៨ឆ្នាំ មុខរបរកសិករ ស្នាក់នៅផ្ទះជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ ជនសង្ស័យឈ្មោះផុន រ៉ាស៊ី ទើបនឹងត្រឡប់មកពីផឹកស៊ីនៅខាងក្រៅ ស្ថិតក្នុងស្ថានភាពស្រវឹងធ្លាក់ភ្នែក បានចូលមកដល់ផ្ទះ រួចហើយក៏បានស្រែកឡូឡាពេញក្នុងផ្ទះ ថាបាត់កាបូបលុយដែលនៅក្នុងកាបូបលុយុរបស់គេនោះ មានលុយចំនួន១១៥០០រៀល ព្រមទាំងស៊ីមទូរស័ព្ទ១ ទៀតផង។

ប្រភពដដែលបន្តថា ដោយសារតែឮសំឡេងកូនប្រុសឡូឡាផ្អើលពេញផ្ទះ ស្ទើរផ្អើលពេញភូមិបែបនេះ ទើបបុរសរងគ្រោះជាឪពុកបានចូលទៅសួរនាំ និងឃាត់កុំឱ្យកូនប្រុសនេះ ស្រែកឮពេក មានបញ្ហាអ្វីនិយាយស្តីសួរនាំឱ្យស្រួលទៅ ស្រាប់តែភ្លាមនោះ កូនប្រុសកំណាចមិនត្រឹមតែមិនស្តាប់សម្តីឪពុកប៉ុណ្ណោះទេ ថែមទាំងខឹងច្រឡោតតោតតូង ស្ទុះទៅទាញកាំបិតផ្គាក់ដងឬស្សីប្រវែងប្រហែល៦០សង់ទីម៉ែត្រ ស្ទុះចូលមកកាប់ប្រហារទៅលើជនរងគ្រោះជាឪពុកបង្កើតទាំងកំរោល ហើយភ្លាមនោះ ត្រូវឪពុកឃើញទាន់ ក៏លើកដៃរង បណ្តាលឱ្យត្រូវចំប្រអប់ដៃខាងស្តាំ របួសដេរហូរឈាមជោកជាំ។

ប្រភពខាងលើ បានឱ្យដឹងទៀតថា បន្ទាប់មក នៅពេលឃើញឪពុករងរបួសបែបនេះ ប្អូនស្រីបង្កើតរបស់ជនសង្ស័យឈ្មោះផុន ស្រីនិច អាយុ១៩ឆ្នាំ បានដើរចូលទៅជួយគ្រាហ៍ឪពុក និងបានចូលទៅក្នុងផ្ទះបំណងយកសម្លៀកបំពាក់ឱ្យឪពុកស្លៀកទៅមន្ទីរពេទ្យ ស្រាប់តែជនសង្ស័យឃើញក៏បានស្រែកគំរាមប្អូនស្រីបង្កើតរបស់ខ្លួនទៀតថា ដើរចេញឱ្យឆាប់ទៅ ប្រយ័ត្នអញកាប់ងាប់ម្នាក់ទៀត។ បន្ទាប់មក នារីឈ្មោះផុន ស្រីនិច ក៏បានខ្ចីម៉ូតូអ្នកភូមិ១គ្រឿង ម៉ាកគុបជ្រុង ពណ៌ទឹកប៊ិច ជិះមកប្តឹងសមត្ថកិច្ចខណ្ឌដង្កោ ឱ្យជួយអន្តរាគមន៍តែម្តង។

ក្រោយទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចខណ្ឌដង្កោ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ពានថ្ម បានចុះទៅដល់កន្លែងកើតហេតុខាងលើ បំណងនាំខ្លួនជនសង្ស័យយកទៅសាកសួរ ស្រាប់តែភ្លាមនោះ ត្រូវជនសង្ស័យទាញចបដងឈើមូល ប្រវែង៧០សង់ទីម៉ែត្រ ដេញកាប់សមត្ថកិច្ចទៀតផង តែកាប់មិនត្រូវ។ ភ្លាមនោះ ជនសង្ស័យក៏បានព្យាយាមរត់គេចខ្លួនបានចម្ងាយប្រមាណ៥០០ម៉ែត្រ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន និងដកហូតវត្ថុតាងយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ពានថ្ម តាមនីតិវិធីច្បាប់។

បច្ចុប្បន្នជនសងសង្ស័យខាងលើ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *