បើរដ្ឋាភិបាលកម្ពុជានៅតែរឹងទទឺងទៀត អាមេរិកថា នឹងពិភាក្សាជាមួយជប៉ុន និងអឺរ៉ុប ដើម្បីចាត់ការ

បើរដ្ឋាភិបាលកម្ពុជានៅតែរឹងទទឺងទៀត អាមេរិកថា នឹងពិភាក្សាជាមួយជប៉ុន និងអឺរ៉ុប ដើម្បីចាត់ការសហរដ្ឋអាមេរិកបានអោយដឹងថា ពួកគេគ្រោងនឹងធ្វើការជួបពិភាក្សាជាមួយនឹងសហគមន៍អឺរ៉ុប និងប្រទេសជប៉ុន ដើម្បីពិភាក្សាគ្នាចាត់ការលើកម្ពុជាដែលកំពុងរឹងទទឹងចំពោះស្ថានការណ៍នយោបាយ នៅក្នុងប្រទេស ។

ប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការងារកម្ពុជា លោក Alan Lowenthal បានថ្លែងបញ្ជាក់ប្រាប់ថា សហរដ្ឋអាមេរិកបានលឺសម្លេងដង្ហើយហៅរបស់ពលរដ្ឋកម្ពុជារួចហើយ ជុំវិញស្ថានការណ៍ នៅក្នុងប្រទេសកម្ពុជា ជាពិសេសគឺទាក់ទងនឹងការចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំង​ និងការរំលាយគណបក្សប្រឆាំងជាដើម  ។ លោក Alan Lowenthal បានអះអាងថា ពួកគេកំពុងតែតាមដានយ៉ាងយក ចិត្តទុកដាក់ចំពោះបញ្ហាដែលកំពុងកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ។


លោក Alan Lowenthal បានថ្លែងបញ្ជាក់បែបនេះ ៖ « មិនមែនសហរដ្ឋអាមេរិកធ្វើការតែម្នាក់ឯងទេ គឺសហរដ្ឋអាមេរិកនឹងធ្វើការជាមួយនឹងសហគមន៍អឺរ៉ុប និងជប៉ុន ដើម្បីធ្វើយ៉ាងណាអោយ វិធានការណ៍ ចាត់ចែងទៅលើការដោះ ស្រាយបញ្ហានយោបាយនៅក្នុងប្រទេសកម្ពុជានេះគឺ ពួកគាត់ទាំងអស់គ្នានឹងធ្វើរួមគ្នា ហើយនិយាយក្នុងភាសារតែមួយដូចគ្នា » ។
ការថ្លែងលើកឡើងរបស់លោក Alan Lowenthal អោយដឹងយ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងវេទិកាសាធារណៈមួយដែលរៀបចំធ្វើឡើងនៅទីក្រុង Washington DC សហរដ្ឋអាមេរិក នៅយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០១៧  ( ម៉ោងនៅកម្ពុជា )  ។


ការថ្លែងរបស់លោក Alan Lowenthal នៅពេលនេះ ធ្វើឡើងនៅចំពេលដែលស្ថានការណ៍នយោបាយនៅកម្ពុជាកំពុងស្ថិតក្នុងភាពមិនល្អប្រសើរនៅឡើយ  ។
គណបក្សសង្រ្គោះជាតិ ដែលទទួលបានសម្លេងគាំទ្រជិតពាក់កណ្ដាលប្រទេសពីប្រជាពលរដ្ឋខ្មែរ ដែលមានអាសនៈចំនួន៥៥ កៅអី នៅក្នុងរដ្ឋសភាជាតិនោះ ត្រូវបានតុលាការសាលាកំពូលកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ចេញសាលដីការប្រកាសរំលាយជាស្ថាពរ ទៅតាមបណ្ដឹងរបស់ក្រសួងមហាផ្ទៃ ដោយអះអាងថា មេធាវីរបស់ក្រសួងមហាផ្ទៃមានភស្តុតាងគ្រប់គ្រាន់ ។

ក្រោយការរំលាយគណបក្សសង្រ្គោះជាតិ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានសម្រេចបែងចែកអាសនៈរបស់គណបក្សសង្រ្គោះជាតិទៅអោយគណបក្សនយោបាយចំនួន៤ ក្នុងនោះ មានគណបក្សហ្វ៊ុនស៊ិនប៉ិចទទួលបាន៤១អាសនៈគណបក្សសញ្ជាតិកម្ពុជាទទួលបាន២អាសនៈ និងគណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ចទទួលបាន១អាសនៈ ។ ចំណែក១១អាសនៈទៀតត្រូវបាន គជប បែងចែកទៅអោយគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សដឹកនាំរដ្ឋាភិបាល ។

សហរដ្ឋអាមេរិកតាមរយៈសេចក្ដីថ្លែងការណ៍ចេញពីអ្នកនាំពាក្យរបស់សេតវិមានរបស់អាមេរិកដោយ ផ្ទាល់បានប្រកាសផ្ដាច់ជំនួយកម្ពុជាលើការបោះឆ្នោតភ្លាមៗបន្ទាប់ពីបានទទួលដំណឹងនៃការរំលាយគណបក្សសង្រ្គោះជាតិកាលពីពាក់កណ្ដាលខែវិច្ឆិកា  ហើយប្រកាសថា នឹងមិនទទួលស្គាល់ ការបោះឆ្នោតនៅកម្ពុជានោះទេ បើគ្មានវត្តមានចូលរួមពីបក្សសង្រ្គោះជាតិនោះ ។ ប៉ុន្តែលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនខ្វល់ឡើយ លោកថែមទាំងផ្គើនអោយអាមេរិកផ្ដាច់ជំនួយទាំងស្រុងទៀតផង ។


ប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការកម្ពុជា លោក Alan Lowenthal បានអះអាងថា ការជួបនិយាយជាមួយនឹងអឺរ៉ុប និងជប៉ុនចំពោះកម្ពុជានឹងធ្វើឡើងក្នុងរយៈពេលឆាប់ៗខាងមុខនេះ។ លោក Alan Lowenthal បានបញ្ជាក់ថា នឹងនិយាយក្នុងសម្លេងតែមួយក្នុងការចាត់ការមកលើប្រទេសកម្ពុជាជាមួយនឹងប្រទេសមហាអំណាចទាំងនេះ ដើម្បីអោយកែប្រែស្ថានការណ៍នយោបាយឡើងវិញ ។


តាមរយៈជំនួបមួយរវាងរដ្ឋមន្រ្តីការបរទេសនៃប្រទេសជប៉ុន គឺ លោក  Kazuyuki Nakan ជាមួយនឹងរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាលោក ប្រាក់ សុខ នៅឯប្រទេសភូមា កាលពីចុងខែវិច្ឆិកាលោក  Kazuyuki Nakan បានលើកឡើងពីក្ដីកង្វល់ដែលកម្ពុជាបានរំលាយគណបក្សប្រឆាំងជាផ្លូវការកាលពីថ្ងៃទី១៧ ខែវិច្ឆិកា កន្លងទៅនេះ ។
យ៉ាងណា ថ្វីបើប្រទេសមួយនេះបានបង្ហាញការព្រួយបារម្ភចំពោះស្ថានការណ៍ដែលកំពុងមាន
នៅ​កម្ពុជាក៏ពិតមែន ។ ប៉ុន្តែរដ្ឋាភិបាលនៃប្រទេសជប៉ុននឹងនៅតែបន្តសន្យាជួយរៀបចំការបោះឆ្នោតថ្នាក់ជាតិជ្រើសតាំងតំណាងរាស្រ្តនៅឆ្នាំ ២០១៨ ក្រោយនេះដដែល  ៕

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *