លោក ហ៊ុន សែន ថា ការ​រំលាយ​បក្ស​ប្រឆាំង​ជា​ជោគជ័យ​បញ្ចៀស​គ្រោះ​ដល់​ជាតិ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ក្នុង​ទិវា​ជ័យជម្នះ​៧ មករា​ថា រដ្ឋាភិបាល​របស់​លោក​បាន​ទទួល​បាន​ជ័យជម្នះ​មួយទៀត គឺ​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចោល។ ប៉ុន្តែ ប្រធាន​គណបក្ស​កាន់​អំណាច​រូប​នេះ​ថា ត្បិត​ចលនា​បដិវត្តន៍​ពណ៌​នៅ​ក្នុង​ស្រុក​បាន​ដួល​រលំ តែ​ចលនា​នៃ​បង្អែក​ចលនា​មួយ​នេះ នៅ​ក្រៅ​ប្រទេស​មិនទាន់​រលំរលាយ​នៅឡើយ​ទេ។


សំឡេង​ស្រែក​ជយោ​យ៉ាង​កងរំពង​លាន់ឮ​ពេញទី​ក្រុង​កោះ​ពេជ្រ ដែល​គណបក្ស​ប្រជាជន​កម្ពុជា ចង់​បង្ហាញ​ជោគជ័យ​របស់​ខ្លួន​ថ្មី​មួយទៀត គឺ​ការ​កម្ទេច​បក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា​ចោល។ គណបក្ស ប្រជាជន​កម្ពុជា​ចោទ​ថា គណបក្សសង្គ្រោះ​ជាតិ ដែល​មាន​សហរដ្ឋអាមេរិក នៅ​ពីក្រោយ​ជា​អង្គការ​ចាត់តាំង ដើម្បី​ធ្វើ​បដិវត្តន៍​ពណ៌​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន។ក្នុង​ពេល​អួតអាង​ប្រាប់​សមាជិក​បក្ស​ជាង​ជិត​ប្រាំ​ម៉ឺន​នាក់ នៅ​ថ្ងៃ​នៃ​ទិវា​ជ័យជម្នះ ៧​មករា ឆ្នាំនេះ លោក ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា ថ្លែង​ថា ការ​រំលាយ​ចោល​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ពេល​ថ្មីៗ នេះ គឺ​ការ​ជា​ការពារ​សន្តិភាព ដើម្បី​បញ្ចៀស​គ្រោះ​មហន្តរាយ​ថ្មី​របស់​ជាតិ។ «»


ប៉ុន្តែ​ការ​កម្ទេច​ចោល​គណបក្ស​ប្រឆាំង នៅ​កម្ពុជា​ពេលនេះ លោក ហ៊ុន សែន មិនទាន់​គិត​ថា គ្រប់គ្រាន់​នៅឡើយ​ទេ។ លោក​បន្ត​ថា អង្គការ​ចាត់តាំង​នៃ​បដិវត្តន៍​ពណ៌​បាន​ដួល​រលំ តែ​ចលនា​នៃ​បង្អែក​ចលនា​មួយ​នេះ​នៅ​ក្រៅ​ប្រទេស​មិនទាន់​រលំរលាយ​នៅឡើយ​ទេ។លោក ហ៊ុន សែន លើកឡើង​បែប​នេះ ក្នុង​ថ្ងៃ​ប្រារព្ធ​ខួប ៧​មករា លើក​ទី​៣៩ នៅ​មជ្ឈមណ្ឌល​កោះពេជ្រ។ ជម្លោះ​នយោបាយ​នៅ​កម្ពុជា​នៅ​ពេល​នេះ គឺ​គណបក្ស​កាន់អំណាច​ព្យាយាម​តាម​កម្ទេច​គណបក្ស​ប្រឆាំង​ពី​ក្នុងស្រុក​ទៅដល់​ក្រៅ​ប្រទេស រហូត​ចោទ​ប្រកាន់​ថា គណបក្ស​សង្គ្រោះ​ជាតិ លួច​បង្កើត​ទ័ព​នៅ​តាម​ព្រំដែន​ថែមទៀត​ផង។ រីឯ​គណបក្សប្រឆាំង​ឯណោះ​វិញ ក៏​ប្រកាស​មិន​ទទួលស្គាល់​ថ្ងៃ ៧ មករា​វិញ​ដែរ។


អតីត​ប្រធាន​គណបក្សសង្គ្រោះ​ជាតិ លោក សម រង្ស៊ី ចោទប្រកាន់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា បាត់បង់​ឯករាជ្យភាព និង​អធិបតេយ្យភាព​ជាតិ។ ដូចគ្នា​ដែរ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ចោទ​ប្រកាន់​ថា ថ្ងៃ​៧ មករា ឆ្នាំ​១៩៧៩ ជា​ថ្ងៃ​ដែល​វៀតណាម ឆក់​ឱកាស​លើកទ័ព​ចូល​ត្រួតត្រា​កម្ពុជា យក​លេស​ជួយសង្គ្រោះ។ «»ការព្រមាន​​កម្ទេច​ក្រុម​បក្ស​ប្រឆាំង​ជាថ្មី​នេះ គឺ​ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា និង​ហាម​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​នេះ ១១៨​នាក់ មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈ ៥​ឆ្នាំ​។ នៅ​ពេល​នេះ គណបក្ស​កាន់អំណាច កំពុង​រៀបចំ​កែ​រដ្ឋធម្មនុញ្ញ ដើម្បី​ដាក់ទោស​ក្រុម​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​ជា​បន្ត​ទៀត។ លោក ហ៊ុន សែន ចាត់តាំង​អនុប្រធាន​គណបក្ស​របស់​លោក គឺ​លោក ស ខេង ឲ្យ​ដឹកនាំ​ក្រុមការងារ ដែល​ជំនាញ​ខាង​ច្បាប់ ធ្វើ​វិសោធនកម្ម​ធម្មនុញ្ញ ដើម្បី​ដាក់ទោស​លើ​ជន​ទាំងឡាយ​ណា ទាំង​នៅ​ក្នុង​ស្រុក និង​ក្រៅ​ទេស ដែល​ធ្វើ​សកម្មភាព​ប៉ះពាល់​ដល់​ផលប្រយោជន៍​កម្ពុជា។ លោក ស ខេង នឹង​ជួប​ជជែក​គ្នា​ក្រោយ​ថ្ងៃ ៧មករា​នេះ​ហើយ។អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន ប្រាប់​អាស៊ីសេរី​ថា គម្រោង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ជា​រឿង​ចាំបាច់ ដែល​ត្រូវតែ​ធ្វើ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ស្ថានការណ៍​នយោបាយ​សព្វថ្ងៃ។ «»


ក្រុម​គណបក្សសង្គ្រោះ​ជាតិ នៅ​ក្រៅ​ប្រទេស ដែល​ដឹកនាំ​ដោយ​អតីត​ប្រធាន​គណបក្ស​នេះ គឺ​លោក សម រង្ស៊ី និង​កូនស្រី​លោក កឹម សុខា គឺ​កញ្ញា កឹម មនោវិទ្យា កំពុង​ធ្វើ​យុទ្ធនាការ​សុំ​ឲ្យ​អន្តរជាតិ​ដាក់​ទណ្ឌ​លើ​រដ្ឋាភិបាល ហ៊ុន សែន និង​ស្នើសុំ​ទៅ​អង្គការសហប្រជាជាតិ​កុំ​ទទួលស្គាល់​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ដោយ​ត្រូវ​ព្យួរ​អាសនៈ​របស់​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ជា​បណ្ដោះអាសន្ន​សិន។អ្នកវិភាគ​នយោបាយ​លោក សូ ចន្ថា មើល​ឃើញ​ថា ជម្លោះ​នយោបាយ​នៅ​ពេល​នេះ គឺជា​ការបែកបាក់​ជាតិ​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ។ អ្នកវិភាគ​រូប​នេះ ចង់​ឃើញ​អ្នកនយោបាយ​រក​ច្រកចេញ​ដើម្បី​បញ្ចប់​ជម្លោះ ល្អ​ជាង​ការ​ហែកហួរ​គ្នា​ទៅវិញទៅមក​ដូច​សព្វថ្ងៃ​នេះ។ «»


ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​អ្នក​គាំទ្រ​មួយ​ចំហៀង​ប្រទេស ត្រូវ​បាន​លោក ហ៊ុន សែន អះអាង​ថា​ជា ការទប់ស្កាត់​បាន​នូវ​បដិវត្តន៍​ពណ៌ បាន​ធ្វើ​ឲ្យ​កម្ពុជា​រក្សា​បាន​នូវ​សុខ​សន្តិភាព និង​រក្សា​បាន​នូវ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស។ ប៉ុន្តែ សហគមន៍​អន្តរជាតិ​ថា ការ​រំលាយ​គណបក្សប្រឆាំង​នេះ​ជា​ការ​សម្លាប់​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ទៅវិញ​ទេ។ ក្រុម​ប្រទេស​មហាអំណាច និង​ជាទី​ផ្សារ​ដ៏​ធំ​របស់​កម្ពុជា ព្រមាន​ថា បើ​នៅតែ​មិន​ព្រម​ស្តារ​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ​នោះ​ទេ គឺ​ពលរដ្ឋ​ខ្មែរ​ទូទាំង​នគរ​នឹង​រង​ទុក្ខ​ជាក់​ជាមិនខាន៕
RFA ដោយ តាំង សារ៉ាដា

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *