សម រង្ស៊ី ថាអំពើហិង្សានឹងផ្ទុះឡើង បើមិនពន្យារពេលបោះឆ្នោត

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រស់​នៅ​ដោយ​និរទេស​ខ្លួន​ឯង​នៅ​បរទេស កាល​ពី​ថ្ងៃ​ពុធ ទី​១៧ ខែ​មករា បាន​លើក​ឡើង​ថា ប្រសិនបើ​រដ្ឋាភិបាល​មិន​ពន្យារ​ពេល​ការ​បោះឆ្នោត ខែ​កក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ​ទេ អំពើ​ហិង្សា​នឹង​កើត​មាន​ឡើង ហើយ​កម្ពុជា ក៏​នឹង​ត្រូវ​សហគមន៍​អន្តរជាតិ មិន​ទទួល​ស្គាល់​ទៀត​ផង។លោក សម រង្ស៊ី តាម​រយៈ​បណ្តាញ​សង្គម​ទ្វីធឺ (tweeter) របស់​លោក បាន​ដាក់​សំណើ​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ពន្យារ​ពេល​បោះ​ឆ្នោត​ខែ​កក្កដា ឆ្នាំ​២០១៨ ខាង​មុខ រហូត​ដល់​លោក និង​លោក ហ៊ុន សែន អាច​ធានា​បាន​ថា ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​យ៉ាង​ហោច​ណាស់​ក៏​អាច​មាន​លក្ខណៈ​អប្បបរមា​តាម​ស្តង់ដារ​អន្តរជាតិ​ដែរ ដើម្បី​ជៀសវាង​អំពើ​ហិង្សា និង​ការ​មិន​ទទួល​ស្គាល់​កម្ពុជា ពី​សំណាក់​សហគមន៍​អន្តរជាតិ។


សំណើ​របស់​លោក សម រង្ស៊ី នៅ​ពេល​នេះ ធ្វើ​ឡើង​ក្រោយ​ប៉ុន្មាន​ថ្ងៃ​តែប៉ុណ្ណោះ បន្ទាប់​ពី​លោក និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ជា​ច្រើន​នាក់​ទៀត បាន​បង្កើត​ចលនា​សង្គ្រោះ​ជាតិ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ដើម្បី​ទាមទារ​ការ​ដោះលែង​លោក កឹម សុខា អ្នក​ទោស​មនសិការ និង​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។
ទោះបី​សហគមន៍​អន្តរជាតិ រួម​មាន អាមេរិក និង​សហគមន៍​អឺរ៉ុប បាន​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា និង​ផ្អាក​ជំនួយ​ការ​បោះឆ្នោត​ក្តី ពលរដ្ឋ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​ហ៊ាន​ងើប​ឡើង​ប្រឆាំង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ នៅ​ឡើយ​ទេ។មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ត្រូវ​បាន​ទីភ្នាក់ងារ រ៉យទ័រ (Reuters) ដក​ស្រង់​សម្ដី​ថា លោក សម រង្ស៊ី កំពុង​បង្កើត​បរិយាកាស​ភ័យ​ខ្លាច។ លោក​បញ្ជាក់​ថា កម្ពុជា​មិន​ចាំបាច់​ពន្យារ​ពេល​នៃ​ការ​បោះឆ្នោត​នោះ​ទេ។


សហរដ្ឋអាមេរិក បាន​គំរាម​ហើយ​ថា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា មិន​ស្តារ​ស្ថានភាព​បច្ចុប្បន្ន​ឲ្យ​វិល​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ​នោះ​ទេ សហរដ្ឋអាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​ទៅ​លើ​មន្ត្រី​កម្ពុជា ណា​ដែល​បាន​ចូលរួម​សម្លាប់​លទ្ធិប្រជាធិបតេយ្យ​បន្ថែម​ទៀត៕

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *