ហ៊ុន ម៉ាណែត ​ថា​កងទ័ព​ប្តេជ្ញា​កម្ចាត់​បដិវត្តន៍​ពណ៌

លោក ហ៊ុន ម៉ា​ណែ​ត កូនប្រុស​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​មន្ត្រី​យោធា​ជាន់ខ្ពស់​កាលពី​ម្សិលមិញ​បាន​ថ្លែង​ថា​កង​យោធពលខេមរភូមិន្ទ​កម្ពុជា ប្តេជ្ញា​ចិត្ត​កម្ចាត់​ការ​ប៉ុន​ប៉ន​ផ្តួលរំលំ​រដ្ឋាភិបាល​តាម​រយៈ «​បដិវត្តន៍​ពណ៌​» ខណៈ​លោក​កំពុង​បង្ហាញ​សម្ភារ​យោធា​នៅ​ពីក្រោយ​ការ​បង្ក្រាប​នា​ពេល​ថ្មី​ៗ​របស់​រដ្ឋាភិបាល​ទៅ​លើ​គណបក្សប្រឆាំង​។


បន្ទាប់​ពី​ការ​រំលាយ​គណបក្ស សង្គ្រោះ​ជាតិ កាលពី​ខែវិច្ឆិកា ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​ថា រៀបចំ​ធ្វើ​បដិវត្តន៍​ពណ៌​ដែល​ត្រូវ​បាន​មជ្ឈដ្ឋាន​ជា​ច្រើន​រិះគន់ យោធា​បាន​ចេញ​មក​គាំទ្រ​ខ្លាំងក្លា​ចំពោះ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​។
ជាង​នេះ​ផង​ដែរ អគ្គមេបញ្ជាការ​កង​យោធពលខេមរភូមិន្ទ​លោក ប៉ុ​ល សា​រឿ​ន កាលពី​ខែ​មុន​បាន​អះអាង​ដោយ​មិន​មាន​ភ័ស្តុតាង​ថា គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​រៀបចំ​កង​ប្រដាប់​អាវុធ​ដើម្បី​ធ្វើសង្គ្រាម​ប្រឆាំង​នឹង​រដ្ឋាភិបាល​។


លោក ម៉ា​ណែ​ត បាន​ថ្លែង​នៅ​ពិធី​កីឡា​ដើម្បី​រំឭក​ខួប​ទិវា «​ជ័យជម្នះ​លើ​របប​ប្រល័យពូជសាសន៍​» កាលពី​ថ្ងៃ ៧ មក​រា និង​ថ្លែង​មក​កាន់​អ្នកកាសែត​ថា កងទ័ព​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​ធាតុ​ណាមួយ​ដែល​ប៉ះពាល់ «​ស្ថិរភាព និង​ការ​អភិវឌ្ឍ​» ដែល​មិន​គោរព​គោលការណ៍​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​នោះ​ទេ​។
លោក​បន្ត​ថា​៖ «​កង​យោធពលខេមរភូមិន្ទ​កម្ពុជា​ប្តេជ្ញា​ការពារ​មិន​ឲ្យ​វា​កើត​មាននៅ​ក្នុង​ទឹកដី​របស់​យើង​ទេ​ដោយសារ​វា​អាច​នាំ​ឲ្យ​មាន​ខូចខាត​ស្ថិរភាព​ផ្ទៃក្នុង និង​ការ​អភិវឌ្ឍ​»​។លោក​បន្ត​ថា​៖ «​កង​យោធពលខេមរភូមិន្ទ​កម្ពុជា​ប្តេជ្ញា​ការពារ​រដ្ឋាភិបាល​ដែល​ស្របច្បាប់ និង​ស្រប​ទៅ​តាម​រដ្ឋធម្មនុញ្ញ​ដែល​កើត​ចេញពី​ការ​បោះ​ឆ្នោត​ជា​រៀង​រាល់ ៥ ឆ្នាំ​ម្តង​»​។ជា​ការ​ពិត​ក្រុម​អ្នក​ឃ្លាំមើល​អន្តរជាតិ​ជា​ច្រើន​រដ្ឋាភិបាល​បរទេស និង​អង្គការសិទ្ធិមនុស្ស​បាន​ហៅ​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​ទៅ​លើ​គណបក្សប្រឆាំង សង្គម​ស៊ី​វិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ថា​ជា​ការ​វាយប្រហារ​ធ្ងន់ធ្ងរ​ទៅ​លើ​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​។
កម្មវិធី​នេះ​ដែល​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​កាលពី​ឆ្នាំ​មុន​ផង​ដែរ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក ហ៊ុន សែន បាន​ថ្លែង​ទៅ​កាន់​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​រាប់​ពាន់​នាក់​នៅ​កោះ​ពេជ្រ​កាលពី​ថ្ងៃអាទិត្យ និង​បាន​ព្រមាន​ថា​បដិវត្ត​ពណ៌​ត្រូវ​បាន​បញ្ចប់ ប៉ុន្តែ​នៅ​មាន «​មជ្ឈដ្ឋាន​អគតិ​» ដែល​ចង់​ចាប់ផ្តើម​បដិវត្តន៍​នេះ​ម្តងទៀត​។កាលពី​ម្សិលមិញ​សម្ភារ​យោធា​ធុន​ធ្ងន់​ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​កោះ​ពេជ្រ រួម​មាន​រថពាសដែក ឧទ្ធម្ភាគចក្រ Z9 កាំភ្លើងយន្ត រថ​គ្រោះ T-55 និង​ឧបករណ៍​ដទៃ​ៗ​ទៀត​។


ដោយ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃនេះ​សាធារណជន​នឹង​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ទស្សនាការ​តាំង​បង្ហាញ​ទាំងនេះ និង​ថតរូប និង​ចូលរួម​វគ្គ​ប្រកួត​ផ្សេង​ៗ​។លោក ម៉ា​ណែ​ត ក៏​បាន​ច្រាន​ចោលការ​លើក​ឡើង​ដែល​ថា​ការ​ដាក់​បង្ហាញ​កង​យោធា​នៅ​កណ្តាល​ទីក្រុង​បែប​នេះ​អាច​មាន​បំណង​បំភិតបំភ័យ​ដល់​ប្រជាពលរដ្ឋ​ដោយ​លោក​បាន​ថ្លែង​ថា​នឹង​មិន​មាន​មនុស្ស​រាប់​ពាន់​នាក់​ចូលរួម​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ទេ​កាលពី​ឆ្នាំ​មុន ប្រសិនបើជា​ករណី​ដូច​លើក​ឡើង​នោះ​។លោក​បាន​ថ្លែង​ទៀត​ថា​៖ «​ការ​តាំងពិព័រណ៍​ឧបករណ៍​កងទ័ព​របស់​យើង​នៅ​ទី​នេះ​គឺ​ដើម្បី​បង្ហាញ​ដល់​សាធារណជន​អំពី​សមត្ថភាព​របស់​កងកម្លាំងប្រដាប់អាវុធ​របស់​យើង​ក្នុង​ការ​ការពារ​ទឹកដី​របស់​យើង​»​។


កាលពីដើម​ស​ប្តា​ហ៍​នេះ​លោក អ៊ូ ចាន់​រ័​ត្ន អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​ថា​ការ​តាំងពិព័រណ៍​យោធា​នេះ​គឺ​មាន​បំណង​ដើម្បី​បំភិតបំភ័យ​ប្រជាពលរដ្ឋ ខណៈ​ដែល​អតីត​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ទៀត​គឺ​លោក ជាម ច័ន្ទ​នី ដែល​កាលពី​ម្សិលមិញ​លើក​ឡើង​ដូច​គ្នា បើ​ទោះបីជា​ទទួលស្គាល់​ថា​ព្រឹត្តិការណ៍​បែប​នេះ​មាន​ជា​ទូទៅ​នៅ​តាម​បណ្តា​ប្រទេស​ដទៃ​ទៀត​ក្តី​។ លោក ច័ន្ទ​នី បាន​ថ្លែង​ថា​៖ «​ប៉ុន្តែ​នៅ​ពេល​ដែល​មាន​ចេតនា​បំភិតបំភ័យ​ប្រជាពលរដ្ឋ​ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​កំពុង​កាន់​អំណាច​នោះ​ខ្ញុំ​គិត​ថា​វា​មិនល្អ​ទេ​»​។អ្នកវិភាគ​នយោបាយ​លោក ឡៅ ម៉ុង​ហៃ បាន​ថ្លែង​ថា​សាធារណជន​បានដឹង​យ៉ាង​ច្បាស់​ថា​កងកម្លាំងប្រដាប់អាវុធ​ហាក់ដូចជា​ចង់​ការពារ​រដ្ឋាភិបាល ការពារ​នាយក​រដ្ឋមន្ត្រី និង​គ្រួសារ​របស់​គាត់​ជា​ជាង​ផ្តោត​ទៅ​លើ​តួនាទី​របស់​ខ្លួន​ដើម្បី​ការពារ​ពី​ការ​គំរាមកំហែង​ពី​ខាងក្រៅ​។លោក​បាន​បញ្ជាក់​ថា​៖ «​កងទ័ព​របស់​យើង​នៅ​ក្នុង​រយៈពេល​ពីរ ឬ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ​ហាក់​បាន​យកចិត្តទុកដាក់ តែ​ទៅ​លើ​កិច្ចការ​ខាងក្នុង​ប៉ុណ្ណោះ ដែល​វា​ផ្ទុយ​ពី​តួនាទី​ពិតប្រាកដ​របស់​ខ្លួន​។ កងទ័ព​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ការពារ​អំណាច​របស់​បុគ្គល ដែល​កំពុង​កាន់​អំណាច ឬ​រដ្ឋាភិបាល​និង​ដើម្បី​ពង្រឹង​អំណាច​របស់​គាត់​»​។

ផ្តោត​ទៅ​លើ​ការ​អត្ថាធិប្បាយ​របស់​លោក ហ៊ុន ម៉ា​ណែ​ត លោក Phil Robertson មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​បាន​ថ្លែង​ថា​កូនប្រុស​របស់​លោកនាយក​រដ្ឋមន្ត្រី​គឺ​កំពុង​លើក​ឡើង​ម្តងទៀត​អំពី​វោហារសាស្ត្រ​នយោបាយ​របស់​ឪពុក​លោក ដោយ​បាន​បន្ត​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ទៀត​អំពី​បដិវត្តន៍​ពណ៌​។
លោក​ថ្លែង​តាម​រយៈ​អ៊ីមែល​ថា​៖ «​ការ​លើក​ឡើង​របស់​លោក ហ៊ុន ម៉ា​ណែ​ត អំពី​បដិវត្តន៍​ពណ៌​ដែល​មិនកើត​មាន​គឺ​បង្ហាញ​អំពី​ការ​ដើរ​តាម​ឪពុក​របស់​គាត់​ហើយ​ជា​ថ្មី​ម្តងទៀត​វា​បាន​បង្ហាញ​ថា​គាត់​រៀន​បាន​តិច​ប៉ុនណា​ក្នុងអំឡុងពេល​ដែល​គាត់​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក​នោះ​»៕


ប្រភព P POST

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *