អណោចអធមពន់ពេកក្រៃ!! ​រោងការក្លាយជារោងបុណ្យសពដោយកូនកំលោះស្លាប់​​ក្រោយ​ពី​ពិធី​សំពះ​ផ្ទឹម​រួច

ខេត្ត​កំពង់​ស្ពឺ ៖ ស្នាម​ញញឹម​​ និង​សេច​ក្តី​សប្បាយ​រីក​រាយ​របស់​ញាតិ​មិត្ត​បង​ប្អូន​ប្រុស​ស្រី​ ជា​ពិសេស​កូន​ក្រមុំ​ផ្ទាល់​តែ​ម្តង​ ដែល​ញញឹម​សំពះ​ផ្ទឹម​ជាមួយ​អនា​គត​ស្វា​មី​ក្រោម​កិច្ច​ផ្ចុង​ផ្តើម​ពី​មេ​បា​ទាំង​សង​ខា​ង​តាម​ប្រពៃ​ណី​នោះ​ បាន​ក្លាយ​ទៅ​ជា​ស្រ​ពាប់​ស្រពោន​កើត​ទុក្ខ​ធំ​រងំ​ពេញ​ផ្ទះ​ពេញ​ទ្រូង​ ដ្បិត​កូន​កំលោះ​ត្រូវ​ខ្សែ​​ភ្លើង​ឆក់​ស្លាប់​​ក្រោយ​ពី​ពិធី​សំពះ​ផ្ទឹម​រួច​ ។ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​ភូមិ​គោក​ដង្កោ​ ឃុំ​ពេជ្រ​មុន្នី​ ស្រុក​គង​ពិសី​ ខេត្ត​កំពង់​ស្ពឺ​ នា​យប់​ថ្ងៃ​ទី​១០ធ្នូ​ វេលា​ម៉ោង​២១​និង​៣០​នា​ទី​ ។ កូន​កំលោះ​ដែល​ស្លាប់​ទុក​​ប្រពន្ធ​ឱ្យ​នៅ​មេ​ម៉ាយ​​នេះ​ឈ្មោះ​​ នល​ និត្យ​ អាយុ​២០​ឆ្នាំ​ មុខ​របរ​ធ្វើ​ស្រែ​ ។ ចំណែក​នាង​ជា​ប្រពន្ធ​​ឈ្មោះ​​ធូ គន្ធា​ អាយុ​២០​ឆ្នាំ​ រស់​នៅ​ភូមិ​-​ឃុំ​កើត​ហេតុ​ខាង​លើ​ ។ ជា​ការ​កត់​សម្គាល់​ហាក់​ដូច​ជា​ជាន់​លេខ​គ្នា​មិន​គួរ​ឱ្យ​ជឿ​ ដែល​កូន​កំលោះ​-​កូន​ក្រមុំ​ មាន​អាយុ​២០​ឆ្នាំ​ដូច​គ្នា​ បែរ​ជា​ជួប​រឿង​រ៉ាវ​អកុសល​បែប​នេះ​ទៅ​វិញ​ ។


តាម​ការ​រៀប​រាប់​របស់​នាង​​ ធូ​ គន្ធា​ បាន​ឱ្យ​អ្នក​យក​ព័ត៌​មាន​យើង​ដឹង​ថា​ រវាង​រូប​នាង​ និង​​ស្វា​មី​បាន​ស្គាល់​គ្នា​៣​ឆ្នាំ​ មក​ហើយ​ ហើយ​​ស្វា​មី​រូប​នេះ​ស្លូត​បូត​ មិន​ចេះ​ជក់​បារី​ និង​ផឹក​ស្រា​នោះ​ទេ​ រហូត​ដល់​ចាស់​ទុំ​ទាំង​សង​ខាង​ បាន​ព្រម​ព្រៀង​រៀប​ចំ​ផ្សំ​ផ្គុំ​រូប​នាង​ និង​​ស្វាមី​នៅ​ថ្ងៃ​ទី​១០ធ្នូ​ ។ ថ្ងៃ​នេះ​​គឺ​ជា​ថ្ងៃ​ដែល​នាង​រំពឹង​គិត​ទុក​ និង​រង់​ចាំ​ជា​យូរ​មក​ហើយ​ នឹក​ថា​ នឹង​បាន​កសាង​អនា​គត​ជាមួយ​គ្នា​រហូត​ដល់​ចាស់​ស្លាប់​រៀង​ៗ​ខ្លួន​ តែ​មិន​នឹក​ស្មាន​ថា​ ថ្ងៃ​ជ័យ​មង្គល​របស់​នាង​​ក្លាយ​ទៅ​ជា​ថ្ងៃ​ទុក្ខ​សោក​ដ៏​ធំ​បែប​នេះ​សោះ​ ។នាង​​ ធូ គន្ធា​ រៀប​រាប់​ទាំង​ទឹក​ភ្នែក​​ថា​​ ក្រោយ​ពិធី​សែន​ព្រេន​បាន​ចប់​រួច​រាល់​​ ​ប្តី​របស់​នាង​បាន​ចុះ​ពី​លើ​ផ្ទះ​ដើរ​សំដៅ​ទៅ​កាន់​រោង​ផ្កា​ស្លា​ក្នុង​គោល​បំណង​រុះ​រោង​ តែ​មិន​ទាន់​ទាំង​បាន​រុះ​រោង​ផង​ក៏​ត្រូវ​ខ្សែ​​ភ្លើង​ឆក់​បណ្តាល​ឱ្យ​ប្រកាច់​​នៅ​ទី​នោះ​តែ​ម្តង​ ។ ខណៈ​ឃើញ​ដូច្នោះ​ ឪ​ពុក​ម្តាយ​ បង​ប្អូន​បាន​នាំ​គ្នា​ដឹក​តាម​រថ​យន្ត​យក​ទៅ​មន្ទីរ​ពេទ្យ​ថ្នល់​ទទឹង​ទាំង​យប់​ដើម្បី​សង្គ្រោះ​ ។ ពេល​ទៅ​ដល់​មន្ទីរ​ពេទ្យ​ ត្រូវ​ពេទ្យ​ប្រាប់​ថា​ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ​ ​ក៏​នាំ​គ្នា​ដឹក​សព​ត្រឡប់​មក​ផ្ទះ​វិញ​ទាំង​យប់​ ។
លោក​ អ៊ុំ​ ណៃ​ អាយុ​៣៨​ឆ្នាំ​ ត្រូវ​ជា​ឪ​ពុក​កូន​កំលោះ​បាន​រៀប​រាប់​ថា​ ក្នុង​យប់​កើត​ហេតុ​រូប​គាត់​ និង​កូន​ ព្រម​ទាំង​ប្រពន្ធ​បាន​នាំ​គ្នា​ចុះ​ពី​ផ្ទះ​ដន្លង​ ដើម្បី​រុះ​រោង​ផ្កា​ស្លា​ តែ​ជា​អកុសល​កូន​ប្រុស​របស់​គាត់​បាន​ប៉ះ​នឹង​កន្ទុយ​ខ្សែ​ភ្លើង​បណ្តាល​ឱ្យ​ឆក់​ប្រកាច់​ដួល​ទៅ​លើ​ដី​នៅ​ទី​នោះ​តែ​ម្តង ។ ភ្លាម​ៗ​នោះ​​ ក៏​មាន​បង​ប្អូន​រត់​ទៅ​ដក​ព្រី​ភ្លើង​ចេញ​ដែរ តែ​នៅ​តែ​យឺត​ពេល​មិន​អាច​សង្គ្រោះ​បាន​ ។


ចំណែក​ឯ​ខាង​ឪ​ពុក​ម្តាយ​កូន​ក្រមុំ​គឺ​លោក​​ជុំ​ ធី​ និង​អ្នក​ស្រី​ ហ៊ីង​ ឆុំ​ ក៏​បាន​លើក​ឡើង​ទាំង​យំ​សោក​ថា​ ក្នុង​នាម​ជា​ឪ​ពុក​ម្តាយ​មិន​ចង់​ឱ្យ​កូន​ក្លាយ​ជា​ស្រី​មេ​ម៉ាយ​​ទាំង​នៅ​ក្មេង​ល្ហក់​បែប​នេះ​ទេ​ បើ​អាច​ប្តូរ​បាន​ ពួក​គាត់​សុខ​ចិត្ត​ស្លាប់​ជំនួស​ ដើម្បី​ឱ្យ​កូន​ៗ​រស់​នៅ​កសាង​សុភ​មង្គល​ជាមួយ​គ្នា​ ។មជ្ឈ​ដ្ឋាន​បង​ប្អូន​ប្រជា​ពល​រដ្ឋ​រស់​នៅ​ភូមិ​ជាមួយ​គ្នា​​បាន​លើក​ឡើង​ថា​ បើ​និយាយ​ពី​អាយុ​ និង​ថ្ងៃ​ ខែ​ រៀប​ការ​ អ្នក​ទាំង​ពីរ​គឺ​សុទ្ធ​តែ​គ​ត់​ឆ្នាំ​ដូច​គ្នា​ កូន​កំលោះ​អាយុ​២០ឆ្នាំ​​ កូន​​ក្រមុំ​អាយុ​២០​ឆ្នាំ​ ដែល​អាច​និយាយ​បាន​ថា​​ ចំ​ថ្ងៃ​ខែ​ដែល​មិន​ល្អ​ ។ បើ​ទោះ​ជា​មាន​ការ​លើក​ឡើង​បែប​នេះ​ក្តី​ ក៏​បង​ប្អូន​ខាង​កូន​ក្រមុំ​អះ​អាង​ថា​ រឿង​នេះ​គឺ​ជា​គ្រោះ​ថ្នាក់​ជា​យ​ថា​ហេតុ​ គ្មាន​អ្នក​ណា​ចង់​ជួប​​ប្រទះ​នោះ​ទេ​ ហើយ​រឿង​នេះ​បើ​ខាង​ជាង​ត​ភ្លើង​យក​កន្ទុយ​ខ្សែ​ដាក់​ឱ្យ​បាន​ត្រឹម​ត្រូវ​ កូន​កំលោះ​ក៏​មិន​ជួប​រឿង​អាក្រក់​បែប​នេះ​ដែរ​ កន្ទុយ​ខ្សែ​ភ្លើង​ស្រាត​មិន​មាន​បិទ​ស្កុត​នោះ​ទេ​គឺ​ទុក​ចោល​។លោក​អធិ​ការ​ប៉ូលីស​ស្រុក​គង​ពិ​សី​ និង​មន្ត្រី​ជំនាញ​បច្ចេក​ទេស​ដែល​​ចុះ​ទៅ​ពិនិត្យ​សព​​បញ្ជាក់​​ថា​ ជន​រង​គ្រោះ​ពិត​ជា​ត្រូវ​ខ្សែ​ភ្លើង​ឆក់​ស្លាប់​ប្រាកដ​មែន​ និង​បាន​រៀប​ចំ​ធ្វើ​បុណ្យ​សព​តាម​ប្រពៃ​ណី​ ៕

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *